ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ មិនត្រឹមផ្តល់ទឹកស្អាត មានគុណភាពដល់សិស្សានិសិស្សប៉ុណ្ណោះទេ ថែមទាំង ចូលចំណែកកាត់បន្ថយប្លាសិក លើកកម្ពស់សោភ័ណភាព និងបរិស្ថាន
គម្រោងកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០សាលា នៅប្រទេសកម្ពុជា ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន មិនត្រឹមផ្តល់ទឹកស្អាត មានគុណភាពដល់កូនសិស្សទេ ប៉ុន្តែវានឹងចូលចំណែកកាត់ប្លាសិកនៅតាមសាលារៀន និងលើកកម្ពស់សោភ័ណភាពបរិស្ថាន នៅតាមសហគមន៍មូលដ្ឋាន។
គម្រោងសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ តាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោយបញ្ចប់ពិធីប្រគល់ប្រព័ន្ធ ប្រមូលទឹកភ្លៀង សម្រាប់បរិភោគជូនវិទ្យាល័យ ហ៊ុនសែន ពញាពន់ លោក ហ៊ាង ឡាឌី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា៖ «ការប្រើប្រាស់ទឹកភ្លៀងដែល ប្រមូលនឹងចម្រោះជាទឹកស្អាតនេះ មិនត្រឹមតែជួយដល់សុខភាពនះទេ ប៉ុន្តែជួយដល់បរិស្ថាន ឧទាហរណ៍សិស្សម្នាក់ប្រើទឹកសុទ្ធ ១ដប ក្នុងមួយថ្ងៃ អ៊ឹចឹងសាលានេះមានសិស្ស ១០០០នាក់ នឹងមានដបទឹកសុទ្ធ ១០០០ដប។ សាលារៀនមានប្រព័ន្ធចម្រោះទឹកនេះ បានផ្តល់សារៈសំខាន់យ៉ាងច្រើនចំពោះសុខភាពសិស្ស និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន»។
លោកបានឱ្យដឹងថា តាមរយៈគម្រោងនេះនឹងចូលចំណែកលើកស្ទួយដល់បរិស្ថានយ៉ាងខ្លាំង ដែលធ្វើឱ្យសហគមន៍មូលដ្ឋាន មានភាពស្រស់បំព្រង កាត់បន្ថយបានការបំពុលដោយសារសំណល់ប្លាស្ទិក ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ។ ដូច្នេះ ប្រព័ន្ធប្រមូលទឹកភ្លៀងដែលប្រគល់ជូនវិទ្យាល័យ ហ៊ុនសែន ពញាពន់ នៅពេលនេះគឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់សាលា សិស្សានុសិស្ស និងសហគមន៍។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការផ្តល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីប្រមូលទឹកភ្លៀងយកមកប្រើប្រាស់វិញ ដើម្បីទទួលបានទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ, ការបង្កើតទស្សនវិជ្ជាស្រឡាញ់បរិស្ថាន, កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសកាត់បន្ថយការចំណាយ របស់សិស្សលើថ្លៃទិញទឹកបរិសុទ្ធផងដែរ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គម្រោងកសាងសាលារៀនទឹកភ្លៀង គឺទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្ស ដែលជាយុវជន ដើម្បីបណ្តុះស្មារតី ស្រឡាញ់បរិស្ថាន ស្រឡាញ់អរិយធម៌ខ្មែរ តាំងពីសម័យអង្គរ ដែលបុព្វបុរសខ្មែរបាន ផ្សារភ្ជាប់ជីវិតរស់នៅជាមួយនឹងប្រភពទឹកជានិច្ច។ ចំពោះគម្រោងទាំង ១០ សាលារៀន សម្រាប់ឆ្នាំ២០២៦ នេះ គឺបានចុះបញ្ជីក្នុងរបស់អង្គការសុខភាពពិភពលោករួចហើយ។
លោកបណ្ឌិត យង់ ពៅ បានរម្លឹកដល់សិស្សានុសិស្ស សូមចូលរួមថែមទាំសមិទ្ធផល ប្រព័ន្ធប្រមូលទឹកភ្លៀងនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ជាសេសការទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀង ជាការចូលរួមចំណែកមួយកាត់បន្ថយការចំណាយថវិការបស់សាលារៀន និងសិស្សានុសិស្ស លើការចំណាយថ្លៃទឹកស្អាតសម្រាប់បរិភោគជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមលើកម្ពស់សុខុមាលភាពសិស្សានុសិស្សកម្ពុជា បានចូលរួមចំណែកពង្រីក និងពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។






Related reads