World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, បារាំង ប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត
ការប្រកួតវគ្គ ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានចូលថ្ងៃទី៣ នៃវគ្គចាញ់-ធ្លាក់ ក្រោយដំណើរការប្រកួតតាំងពីរាត្រីថ្ងៃទី២៩ ខែមិថុនាមកនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
មាន់គកបារាំង អតីតជើងឯកពិភពលោក ២សម័យកាល និងឈ្នះចុងក្រោយកាលឆ្នាំ២០១៨ ផងនោះ ត្រូវប៉ះក្រុមនៅ តំបន់ជាមួយគ្នាគឺ ស៊ុយអែត ដើម្បីប្រជែងកៅអីឡើងវគ្គ ១៦ក្រុមជាបន្តទៀត។
បារាំង ជាក្រុមលេខ១ ពូល I ដោយលេង ៣ប្រកួតឈ្នះទាំងអស់ ត្រូវប្រឈមមុខនឹងស៊ុយអែត ក្រុមលេខ៣ ល្អចេញពីពូល F និងក្នុងនាមក្រុមបានឆ្លងផុតវគ្គជម្រុះជុំទី២ ប្រចាំតំបន់អឺរ៉ុបទៀតផង ដើម្បីឡើងមកលេង World Cup ជំនាន់ទី២៣ ដែលធ្វើឡើងនៅតំបន់អាមេរិកខាងជើង។
គូទី៧៧៖ ន័រវេស (I2) ប៉ះ កូដឌីវ័រ (E2) ម៉ោង ១២យប់នេះ (ម៉ោងនៅកម្ពុជា)
គូទី៧៨៖ បារាំង (I1) ប៉ះ ស៊ុយអែត (F3) ម៉ោង ៤ទៀបភ្លឺ
គូទី៧៩៖ ម្ចាស់ផ្ទះមិចស៊ិក (A1) ប៉ះ អេក្វាទ័រ (E3) ម៉ោង ៨ព្រឹកស្អែក។
គួរបញ្ជាក់ផងដែរថា ការប្រកួតចាប់ពីវគ្គចាញ់-ធ្លាក់ ៣២ក្រុមរហូតដល់ផ្តាច់ព្រ័ត្រ គឺនឹងមានថែមម៉ោង ១៥នាទី ២ដង ប្រសិនបើលទ្ធផលស្មើគ្នាពេញម៉ោងធម្មតា ៩០នាទី មុនឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីទៀត បើនៅតែស្មើគ្នាទៀតនោះ៕

Related reads