សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ចាប់ដៃគូជាមួយកម្ពុជា ដើម្បីធ្វើទំនើបកម្មគយ និងលើកកម្ពស់ប្រសិទ្ធភាពពាណិជ្ជកម្ម
សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ បានចូលរួមជាមួយមន្ត្រីកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មភស្តុភារកម្ម។ ការទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ បានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាដែលបានធ្វើបច្ចុប្បន្នភាព និងបទប្បញ្ញត្តិដែលបានសម្រួល អាចជួយឱ្យទំនិញទៅដល់ទីផ្សារបានលឿន និងមានប្រសិទ្ធភាពជាងមុន។
គណៈប្រតិភូរួមមានតំណាងមកពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន Cambodia Airport Investment Co. ក៏ដូចជាថ្នាក់ដឹកនាំមកពីវិស័យឯកជន រួមមានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រុមហ៊ុន VINCI Airports និងក្រុមហ៊ុន DHLផងដែរ។
ក្រោមការគាំទ្រពីកម្មវិធី EU-German Global Access and Trade Expertise (EU-German GATE) ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្តរបស់កម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីគយ និងលើកកម្ពស់ប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរហ័ស។ ចំណុចលេចធ្លោចម្បងនៃទស្សនកិច្ចនេះ គឺការអនុវត្តប្រកបដោយជោគជ័យនូវ «ការបញ្ជូនទិន្នន័យមុនពេលទំនិញមកដល់» សម្រាប់សេវាដឹកជញ្ជូនរហ័ស។ ប្រព័ន្ធនេះ ដែលបច្ចុប្បន្នកំពុងត្រូវបានពង្រីកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ អនុញ្ញាតឱ្យទិន្នន័យគយត្រូវបានដាក់ជូន និងដំណើរការមុនពេលទំនិញមកដល់ជាក់ស្តែង ដែលជួយកាត់បន្ថយពេលវេលាបញ្ចេញទំនិញបានយ៉ាងច្រើន។
លោក អ៉ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា «នីតិវិធីគយដែលមានប្រសិទ្ធភាព តម្លាភាព និងអាចព្យាករណ៍បាន គឺជាកម្លាំងរុញច្រានដល់ការវិនិយោគ ភាពប្រកួតប្រជែងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។ សហភាពអឺរ៉ុបសហការយ៉ាងជោគជ័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគយ និងលើកកម្ពស់គោលនយោបាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព»។
លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ប្រទេសអាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រកម្ពុជា ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគយ។ ការធ្វើទំនើបកម្មច្រកទ្វារទាំងនេះនឹងពន្លឿនពាណិជ្ជកម្ម ជំរុញកំណើនអាជីវកម្ម និងពង្រឹងស្តង់ដារភាពជឿជាក់សម្រាប់ទីផ្សារពិភពលោក»។
កំណែទម្រង់ទាំងនេះគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ក្នុងការពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។ តាមរយៈការលើកកម្ពស់ការចាត់ចែងទំនិញរហ័ស និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិល្អប្រសើរជាងមុន ដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ដែលល្បឿន និងភាពច្បាស់លាស់គឺជាកត្តាចាំបាច់បំផុត។





អត្ថបទពាក់ព័ន្ធ