សេដ្ឋកិច្ច និងពាណិជ្ជកម្មសង្គម និងការរស់នៅ

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយបណ្តាវិនិយោគិនចិន ដើម្បីពង្រីកឱកាសធុរកិច្ច នៅកម្ពុជា

Hx Live
Hx Live
· 26
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយបណ្តាវិនិយោគិនចិន ដើម្បីពង្រីកឱកាសធុរកិច្ច នៅកម្ពុជា

នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារ ជាមួយវិនិយោគិនចិន ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្ហាញពីសក្តានុពលនៃការវិនិយោគ នៅកម្ពុជា។

វិនិយោគិនដែលបានអញ្ជើញចូលរួមក្នុងជំនួបនេះ មានសមាសភាពចម្រុះ ដែលជាប្រធាន និងថ្នាក់ដឹកនាំក្រុមហ៊ុន និងរោងចក្រធំៗនានា ក្នុងវិស័យ ថាមពល កសិកម្ម សុខាភិបាល ស្ថាប័ត្យកម្ម សំណង់ ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងបានលើកឡើងពីបរិយាកាសអំណោយផល ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដោយបានសង្កត់ធ្ងន់ថា កម្ពុជាមានអត្ថប្រយោជន៍ប្រកួតប្រជែងខ្ពស់ដោយសារមានកម្លាំងពលកម្មតម្លៃធូរថ្លៃ និងសម្បូរទៅដោយកម្លាំងយុវជនវ័យក្មេង ដែលជាចលករដ៏ស្វាហាប់សម្រាប់ការផលិត។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាល បានរៀបចំជាច្បាប់ផ្សេងៗ ដើម្បីការពារ និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនបរទេស ដោយមានការអនុគ្រោះពន្ធពី៥ ទៅ៨ ឆ្នាំ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយអាចផលិតបានអង្ករច្រើន ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ មានសមត្ថភាពផលិតបានរហូតដល់ទៅជាង ១៥លានតោន ហើយក៏ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានច្រើនផងដែរ ប៉ុន្តែកម្ពុជានៅមានកង្វះខាតរោងចក្រកែច្នៃខ្នាតធំៗ ដើម្បីបង្កើតជាផលិតផលសម្រេចសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់ការលំបាកពីសង្គ្រាម និងកំពុងអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់សន្តិភាព កម្ពុជាត្រូវការដៃគូសហការ និងវិនិយោគិនបន្ថែមទៀត ដើម្បីចូលរួមទាញយកប្រយោជន៍ និងអភិវឌ្ឍខ្សែច្រវាក់នេះ។

ក្រៅពីវិស័យខាងលើ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកាលានុវត្តភាពនៃការវិនិយោគលើ «វិស័យហាឡាល» ដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាការផលិតអាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ហាឡាលជាដើម។ ជាមួយគ្នានោះដែរ វិស័យទេសចរណ៍ក៏ជាចំណុចទាក់ទាញដ៏សំខាន់ ដោយសារកម្ពុជាសម្បូរទៅដោយតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ។ បច្ចុប្បន្ន ការធ្វើដំណើរមកកាន់កម្ពុជាមានភាពងាយស្រួលជាងមុន តាមរយៈការបើកដំណើរការព្រលានយន្តហោះអន្តរជាតិខ្នាតធំថ្មីៗនេះ។ ជាពិសេស រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ (Visa) សម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ជាការឆ្លើយតប បណ្តាវិនិយោគិនចិនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសបណ្តាក់ទុននៅកម្ពុជា។ ក្នុងនោះដែរ វិនិយោគិនដែលមានបទពិសោធន៍វិនិយោគនៅកម្ពុជារួចមកហើយ បានចែករំលែកពីវឌ្ឍនភាព ផលចំណេញ និងបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនដល់ធុរជនដទៃទៀត ដើម្បីជាព័ត៌មាន បង្កើតភាពកក់ក្តៅ និងជម្រុញទំនុកចិត្តក្នុងការសម្រេចចិត្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕

1.jpg2.jpg3.jpg4.jpg6.jpg7.jpg8.jpg9.jpg10.jpg11.jpg12.jpg13.jpg


ចែករំលែក
Hx Live
ទាញយក Hx Live — មើលផ្សាយផ្ទាល់ និងវីដេអូខ្លីគ្រប់ទីកន្លែង
⬇ ទាញយកកម្មវិធី

អត្ថបទពាក់ព័ន្ធ

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា