World Cup 2026៖ តោបាក់ចង្កូមអង់គ្លេស ត្រូវបង្ខំចិត្តប៉ះបារាំងព្រឹកស្អែក ដណ្តើមចំណាត់ថ្នាក់លេខ៣ មុនត្រឡប់ទៅផ្ទះ
តោកំណាចអង់គ្លេស ដែលទើបត្រូវបានអាហ្សង់ទីនកាច់បំបាក់ចង្កូមចុងម៉ោងនៅ FIFA World Cup 2026 កាលពីថ្ងៃពុធនោះ ត្រូវប៉ះមាន់គកបារាំងដែលចាញ់វគ្គ ៤ក្រុមដូចគ្នា ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ នាម៉ោង ៤ទៀបភ្លឺថ្ងៃអាទិត្យ ទី១៩ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
ក្រុមលេខ១ លើលោក បារាំងបានខកខានឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី៣ ជាប់ៗគ្នា បន្ទាប់ពីចាញ់អេស្ប៉ាញ ២-០ ត្រូវបង្ខំចិត្តមកជួបតោកំណាចអង់គ្លេស ឈរលេខ៤ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ដែលបានចាញ់អាហ្សង់ទីន ២-១ ចុងម៉ោង។
ក្រុមនៅអឺរ៉ុបទាំងពីរ (UEFA) ធ្លាប់មានប្រវត្តិជួបគ្នាសរុប ៣២លើក ដោយអង់គ្លេសបានយកឈ្នះ ១៧ដង ស្មើ ៥ដង និងចាញ់មាន់គកបារាំង ១០ដង គិតចាប់តាំងពីឆ្នាំ១៩២៣ ដល់ឆ្នាំ២០២២។
បើនិយាយតែក្នុងព្រឹត្តិការណ៍ World Cup វិញ ក្រុមគីឡូធ្ងន់ទាំងពីរនេះ ធ្លាប់ប៉ះគ្នាតែ ៣លើកគត់ ក្នុងចំណោម ២២សម័យកាលមកនេះ ដោយអង់គ្លេសលេងឈ្នះ ២-០ និង ៣-១ និងចាញ់បារាំង ២-១ តែ ១លើកគត់។
ស្ថិតិ ៧ប្រកួតរបស់អង់គ្លេសនៅ World Cup 2026
អង់គ្លេស ៤-២ ក្រូអាត
អង់គ្លេស ០-០ ហ្គាណា
អង់គ្លេស ២-០ ប៉ាណាម៉ា
អង់គ្លេស ២-១ កុងហ្គោ
អង់គ្លេស ២-១ ន័រវែស (ម៉ោងថែម ១៥នាទី ២ដង)
អង់គ្លេស ៣-២ មិចស៊ិក (សហម្ចាស់ផ្ទះ)
អង់គ្លេស ១-២ អាហ្សង់ទីន។
ស្ថិតិ ៧ប្រកួតរបស់បារាំងនៅ World Cup 2026
បារាំង ៣-១ សេណេហ្គាល់
បារាំង ៣-០ អ៉ីរ៉ាក់
បារាំង ៤-១ ន័រវែស
បារាំង ៣-០ ស៊ុយអែត
បារាំង ១-០ ប៉ារ៉ាហ្គាយ (ប៉េណាល់ទី)
បារាំង ២-០ ម៉ារ៉ុក
បារាំង ០-២ អេស្ប៉ាញ៕

អត្ថបទពាក់ព័ន្ធ