经济商业社会民生

ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា

Hx Live
Hx Live
· 60
ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន ចាប់ដៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាព​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់កម្ពុជា

ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) នឹងចាប់ដៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ជួយពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាបានជម្រាបសម្តេចមហាបវរធិបតី អំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទ គឺ C919 និង C909។ លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍថែទាំអាកាសយានដ្ឋាន និងការគាំទ្របច្ចេកទេស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងពង្រីកប្រតិបត្តិការ បង្កេីនការតភ្ជាប់ផ្លូវអាកាស និងលេីកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

សម្តេចមហាបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia)។ សម្តេចមហាបវរធិបតី បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) គឺជាក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ បច្ចុប្បន្នក្រុមហ៊ុនបានផលិត និងដាក់ឱ្យដំណើរការ យន្តហោះខ្នាតតូចប្រភេទ COMAC C909 (ARJ21) សម្រាប់តំបន់ (Regional Jet) ដែលមានកៅអីពី៧៨ ដល់ ៩០កៅអី, ប្រភេទ COMAC C919 ជាយន្តហោះស្នូលខ្នាតកណ្តាល មានកៅអីពី ១៥៨ ដល់ ១៩២កីអី និងកំពុងអភិវឌ្ឍ ប្រភេទយន្តហោះខ្នាតធំ ប្រភេទ COMAC C929 ដែលមានកៅអីពី ២៨២ ដល់ ៤៤០កៅអី អាចហោះហើរបានចម្ងាយរហូតដល់ ១២,០០០ គីឡូម៉ែត្រ និងគ្រោងហោះហើរសាកល្បងក្នុងរង្វង់ឆ្នាំ២០៣០៕

1.jpg2.jpg3.jpg

4.jpg5.jpg6.jpg7.jpg8.jpg9.jpg

分享
Hx Live
下载 Hx Live,随时随地看直播与短视频
⬇ 下载 App

相关阅读

សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន សហការជាមួយសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិនចំនួន១៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន New Dazheng របស់ចិន គ្រោងបង្កើតមជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​វិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិន ​ឱ្យមក​វិនិ​យោគនៅកម្ពុជា
ពិព័រណ៍កសិផលខ្មែរ ឆ្នាំ២០២៦ នាំយកផលិតផលកសិកម្មខ្មែរពីគ្រប់ទិសទី មកជួបប្រជាពលរដ្ឋនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល